

ចូរសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់នូវ អត្តចរិតរបស់មេដឹកនាំខ្មែរ ដើម្បីនឹងធ្វើការបោះឆ្នោត ជ្រើសរើសមេដឹកនាំល្អៗ នាពេលខាងមុខ៖
ទី១. ត្រូវមើលទៅលើកម្រិតនៃការសិក្សាអបរំរបស់គេ ការសិក្សាអបរំត្រូវ សំដៅទៅលើគុណភាព គឺតម្រិះវិជ្ជា ជាទ្រឹស្តី បូកនឹងគុណសម្បត្តិ ឬ ការអនុវត្តន៍ជាក់ស្តែងរបស់គេ និង សីលធម៌របស់គេ តើគេមាន សីលធម៌កម្រិតណា? គឺត្រូវយកសីលធម៌ ៥ យ៉ាងមកពិចារណាមាន៖ បាណា អទិន្នា កាមេមុសា និង សុរា។
ក. បាណា បានន័យដល់ អំពើឃោរឃៅ មានការធ្វើបាបនិងកាប់សម្លាប់មនុស្ស ជាដើម ។
ខ. អទិន្នា បានន័យដល់ ការកេងប្រវ័ញ្ច បោកប្រាស បន្លំលួចទ្រព្យសម្បត្តិគេ ជាដើម ។
គ. កាមេ បានន័យដល់ ការទាក់ទង ចែចង់ស្នេហា ខុសច្បាប់ ខុសទំនង ឬ ខុសទំនៀមទំលាប់ខ្មែរ ជាដើម។
ឃ. មុសា បានន័យដល់ ការនិយាយស្តីពាក្យមិនពិត មិនសុច្ចរិតទៀងត្រង់ គឺភូតភរកុហក់គេ ជាដើម ។
ង. សុរា បានន័យដល់ ការផឹកស៊ីនិងជួញដូរគ្រឿងស្រវឹង និង គ្រឿងញៀន ជាដើម ។ ល្បែងស៊ីសង ក៏ជាចំណុចសំខាន់ សម្រាប់អ្នកដឹកនាំខ្មែរ ដែលយើងមិនត្រូវមើលរំលង គឺជាប្រភេទគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ ផ្នែកសីលធម៌ ក្នុងការដឹកនាំ ប្រទេសជាតិគ្រប់លំដាប់ថ្នាក់ ។
ទី២. នយោបាយ តើការសិក្សាអបរំផ្នែកនយោបាយដឹកនាំ ទ្រឹស្តី និង ភាពជាក់ស្តែងរបស់គេ មានកម្រិតណា? តើនិន្នាការនយោបាយរបស់គេ លំអៀងទៅខាងណា? និន្នាការនយោបាយមាន រាជានិយម កុម្មុយនិសនិយម និង សេរីនិយម ឬ អាមេរិកាំង បារាំង អង្គ្លេស ចិន រុស្ស៊ី និង យួនជាដើម ។ ពួកគេត្រូវមានគោលនយោបាយដឹកនាំឱ្យបានច្បាស់លាស់ ។
ទី៣. សេដ្ឋកិច្ច តើការសិក្សាអបរំផ្នែកសេដ្ឋកិច្ចរបស់គេមានកម្រិតណា? តើគេមានគោលនយោបាយដឹកនាំ ក៏ដូចជាគោលនយោបាយ រៀបចំ សេដ្ឋកិច្ចជាតិយ៉ាងណាខ្លះដែរ?
ទី៤. សង្គមកិច្ច តើការសិក្សាអបរំផ្នែកសង្គមកិច្ចរបស់គេមានកម្រិតណា? តើគេមានគោលនយោបាយ សង្គមកិច្ចបែបណា? តើគេមានបានចុះប្រលូក ធ្វើក្នុងកិច្ចការ ឬ ការងារសង្គម បានកម្រិតណាខ្លះ?
ទី៥. សន្តិសុខ តើកម្រិតនៃការសិក្សាអបរំរបស់គេផ្នែកសន្តិសុខ មានកម្រិតណាដែរ? តើគេមានធ្លាប់ បានបម្រើការងារជា ប៉ូលិស ទាហាន ឬ សន្តិសុខ ដើម្បីការពារ ប្រទេសជាតិមាតុភូមិយ៉ាងណាដែរ? តើគេមាន គោលនយោបាយ ការពារ ព្រំដែន ការពារប្រទេសជាតិ យ៉ាងណាដែរ?
ចូរមើលអ្នកដឹកនាំខ្មែរខាងលើ ដើម្បីពិចារណា និង ជ្រើសរើសតាមការគួរ តាមកាលៈទេសៈ និង តាមការវិវត្តន៍នៃសភាពការណ៍ ស្រុកទេសខ្មែរបចុប្បន្ន និងអនាគត តើមេដឹកនាំខ្មែរណា ពូកែខាងអ្វី ចេះខាងអ្វី ជំនាញខាងអ្វី ដែលអាចពឹងពាក់ថាជាមេដឹកនាំល្អសម្រាប់ខ្មែរបាន ។
បើសិនជាមេដឹកនាំ ខាងលើគ្មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេស ជាតិឱ្យបានល្អប្រសើរ ដូចដែលយើងចង់បានទេ តើយើងត្រូវគិតធ្វើយ៉ាងណា ដោះស្រាយយ៉ាងណា ? តើយើងមានរូបមន្ត អ្វីផ្សេងទៀតដែរឬទេ ? ៕៚…
Like this:
ចូលចិត្ត កំពុងផ្ទុក...