
បក្សប្រឆាំងនិងបក្សកាន់អំណាចយល់ស្របគ្នាថាវៀតណាមកំពុងធ្វើផ្លូវរំលោភយកដីខ្មែរនៅខេត្តមណ្ឌលគិរី
សំគាល់៖ រឿងនេះវាស្តែងពេក ហើយយួនយកច្រើនពេក ដែលពួកស៊ីភីភីមិនអាចប្រកែកបាន ដូច្នេះមានតែ យល់ស្រប។
ថ្ងៃសុក្រ ទី17 តុលា 2014, 02:35 PM
តំណាងរាស្ត្របក្សប្រឆាំងនិងបក្សកាន់អំណាច អះអាងប្រហាក់ប្រហែលគ្នា ថាវៀតណាម កំពុងធ្វើផ្លូវ មួយកន្លែងចម្ងាយប្រហែល៤០ គីឡូម៉ែត្រ រំលោភចូលដីខ្មែរនៅខេត្តមណ្ឌលគិរី បំពានលើសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ បានធ្វើលិខិតផ្លូវការ ទៅប្រធានរដ្ឋសភាលោកហេង សំរិន ឲ្យកោះហៅនាយករដ្ឋមន្ត្រីចូលបំភ្លឺក្នុងសភា ដើម្បីសួរ ដេញដោលពី បូរណភាពទឹកដីរវាងប្រទេសកម្ពុជា និងវៀតណាម។
លោក ម៉ៅ មុនីវណ្ណ ឲ្យVODដឹងនៅថ្ងៃសុក្រនេះថា នៅពេលថ្មីៗនេះ លោកបានចុះទៅពិនិត្យតំបន់មួយ កន្លែងនៅខេត្តមណ្ឌលគិរី បានរកឃើញថា វៀតណាមបានធ្វើផ្លូវកៅស៊ូរំលោភចូលទឹកដីខ្មែរត្រង់ចំណុច ដាក់ដាំក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរីចម្ងាយ ប្រមាណ៤០គីឡូម៉ែត្រ ។មន្ត្រីបក្សប្រឆាំងរូបនោះ ឲ្យដឹង ទៀតថា ក្រោមហេតុផលនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បាន សម្រេចកោះអញ្ជើញនាយករដ្ឋ មន្ត្រីមកសួរដេញដោលក្នុងសភា។
ប្រធានគណៈកម្មការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ទទួលស្គាល់ថា វៀតណាមពិតជាកំពុងធ្វើផ្លូវនៅ តំបន់នេះដោយមិនទទួលយក ការស្នើសុំរបស់កម្ពុជាទេ។ មន្ត្រីរដ្ឋាភិបាលរូបនោះឲ្យទៀតថាទង្វើនេះ វៀតណាមហាក់បំពាន លើស្មារតីនៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលបញ្ជាក់ច្បាស់ថា បន្ទាត់ព្រំ ដែនមិនទាន់ឯកភាពគ្នាត្រូវរក្សាឲ្យនៅដដែល។
លោកវ៉ា គឹមហុង ឲ្យដឹងទៀតថា មួយវិញទៀត ការធ្វើផ្លូវនេះ វៀតណាមក៏មិនគោរពនូវ សេចក្តីថ្លែងការណ៍ រួមឆ្នាំ១៩៩៧ ដែលចុះ ហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាមដែលហាមធ្វើ អ្វីទាំងអស់ ធ្វើឲ្យខូចបរិស្ថាននៅតាមបណ្តេយ ព្រំដែនក្នុងករណីមិនឯកភាពគ្នា។
តាមលោក វ៉ា គឹមហុង បញ្ជាក់ថាចំណុចដាក់ដាំ ជាចំណុចខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលវៀតណាម និង កម្ពុជា ដោយលោកបញ្ជាក់ថា កម្ពុជាសំអាងលើសេចក្តីសម្រេច របស់អគ្គទេសាភិបាលបារាំងឆ្នាំ១៩១៤ ថាចំណុចដាក់ដាំនៅក្នុងទឹកដីកម្ពុជា ប៉ុន្តែវៀតណាមបាន សំអាងយកគំនូសផែនទីរបស់ក្រុមភូមិសាស្ត្រ ឥណ្ឌូចិនទៅវិញដូចនេះទើបប្រទេសទាំងពីរបានព្រមព្រៀងគ្នារក្សា តំបន់នោះឲ្យ នៅដដែលសិន មិនឲ្យ ភាគីណាធ្វើអ្វីទាំងអស់(តំបន់ស)។
ប្រធានផ្នែកទំនាក់ទំនងនយោបាយ និងសន្តិភាពនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារា មានប្រសាសន៍ថា បញ្ហា ព្រំដែនជាអាយុជីវិតជាតិ ដូចនេះរដ្ឋាភិបាលត្រូវបង្កើនធនធានមនុស្សផ្នែកជំនាញ ព្រំដែនចុះពិនិត្យជាទៀងទាត់ និងបើកទូលាយ ឲ្យពលរដ្ឋ សង្គមស៊ីវិល ព្រមទាំងបក្សប្រឆាំងបានចូលរួម ចុះពិនិត្យទាំងអស់គ្នា និងបង្ហាញជំហរទៅអង្គការសហប្រជាជាតិ ដើម្បីសហការទប់ស្កាត់ បើពិនិត្យ ឃើញថា មានការរំលោភបំពានពីប្រទេសជិតខាង។ លោកព្រមានថាបើពុំនោះទេកម្ពុជា នឹងបាត់បង់ទឹក ដីបន្ថែមទៀតទៅប្រទេសវៀតណាម ក៏ដូចជាប្រទេសថៃ។
កម្ពុជានិងវៀតណាម មានព្រំដែនជាប់គ្នាចម្ងាយជាង១២០០គីឡូម៉ែត្រ ហើយភាគីទាំងពីរគ្រោងបោះ បង្គោលព្រំដែននេះ ឲ្យចប់ក្នុង អាណត្តិទី៥នេះទាំងភាពចម្រូងចម្រាស ដោយរងការរិះគន់ពីបក្សប្រឆាំង និង សង្គមស៊ីវិល ។ប៉ុន្តែមកដល់ពេលនេះ លោកវ៉ា គឹមហុងអះអាងថា ដំណើរការបោះបង្គោល ព្រំដែននោះ សម្រេចបាន ប្រមាណជា៨០ភាគរយទៅហើយ៕
Like this:
ចូលចិត្ត កំពុងផ្ទុក...